Monday, 22 July 2019

បណ្តា​ខេត្ត​ដែល​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ស្ថានភាព​ធូរស្រាល​ជាង​មុន​ហើយ​

​ភ្នំពេញ​៖​ ​មន្ត្រី​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​បាន​ឲ្យដឹង​ថា​ ​គិត​មកដល់​ថ្ងៃ​ចន្ទ​នេះ​ ​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​នៅ​តំបន់​ផ្ទុះ​ជំងឺ​មួយចំនួន​ ​មាន​ភាព​ធូរស្រាល​ជាង​មុន​ហើយ​ ​ខណៈ​ដែល​អាជ្ញាធរ​បាន​និង​កំពុង​បន្ត​តាមដាន​ទប់ស្កាត់​ ​ព្រមទាំង​ផ្អាក​ការ​ចិញ្ចឹមសត្វ​ជ្រូក​ឡើងវិញ​មួយ​រយៈ​រហូតដល់​តំបន់​ផ្ទុះ​ជំងឺ​ត្រូវ​បាន​ប្រាកដ​ថា​ ​មិន​មាន​វត្តមាន​មេរោគ​នេះ​ទៀត​។​ ​ករណី​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្រ្វិក​ ​បាន​ផ្ទុះឡើង​នៅ​ខេត្ត​ចំនួន៥​ ​ក្នុង​ប្រទេស​កម្ពុជា​ ​គិត​ចាប់តាំងពី​ដើមខែ​មេសា​មក​ ​ក្នុង​នោះ​ ​មាន​ខេត្តរតនគិរី​ ​ខេត្ត​ត្បូងឃ្មុំ​ ​ខេត្តស្វាយរៀង​ ​ខេត្តតាកែវ​ ​និង​ខេត្តកណ្តាល​ ​ដែល​នាំឲ្យ​សត្វ​ជ្រូក​ប្រមាណ​ ​៣ពាន់​ក្បាល​ ​ត្រូវ​បាន​ងាប់​និង​សម្លាប់ចោល​។​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្តស្វាយរៀង​ ​លោក​ ​ថាច់​ ​រតនា​ ​បាន​មានប្រសាសន៍​ថា​ ​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​ក្រោលគោ​ ​ស្រុក​ស្វាយ​ជ្រុំ​នោះ​ ​មាន​ស្ថានភាព​ធូរស្រាល​ហើយ​ ​ដោយ​មន្ត្រី​ជំនាញ​បាន​ប្រចាំការ​នៅ​តំបន់​នោះ​ ​និង​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ប្រជាពលរដ្ឋ​ ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ​និង​ទប់ស្កាត់​ការ​ធ្វើ​ចរាចរណ៍​ជ្រូក​ចេញចូល​ក្នុង​តំបន់​នោះ​ផង​ដែរ​។​​ ​លោក​ថា​៖​ ​«​មកដល់ពេលនេះ​មាន​សត្វ​ជ្រូក​ចំនួន​ ​៩៥ក្បាល​បាន​ងាប់​និង​សម្លាប់ចោល​ ​ក្នុងចំណោម​សត្វ​ជ្រូក​ចំនួន ១០៨ក្បាល​ ​ហើយ​បច្ចុប្បន្ន​ ​យើង​បាន​និង​កំពុង​ដើរ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​ផ្ទុះ​ ​និង​តំបន់​ជុំវិញ​នោះ​ក្នុងរង្វង់៣គីឡូម៉ែត្រ​ ​ក៏ដូចជា​នៅ​តាម​តំបន់​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​និង​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឲ្យ​គាត់​បាន​យល់​ ​និង​តាមដាន​ស្ថានភាព​សុខភាព​សត្វ​ជ្រូក​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​»​។​​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្តតាកែវ​ ​លោក​ ​ញិប​ ​ស្រ៊​ន​ ​បាន​មានប្រសាសន៍​ថា​ ​ស្ថានភាព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ស្រុក​អង្គរ​បូរី​នោះ​មាន​ភាព​ស្ងប់ស្ងាត់​ ​ដោយសារតែ​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ ​និង​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​ ​បាន​ឯកភាព​គ្នា​សម្លាប់ចោល​សត្វ​ជ្រូក​ទាំងអស់​ដែល​នៅ​សេសសល់​ពី​ការ​ឆ្លង​ជំងឺ​នេះ​តែម្តង​។​ ​លោក​ថា​៖​ ​«​សត្វ​ជ្រូក​ដែល​បាន​ឈឺ​ងាប់​នៅ​ភូមិ​អំពិល​នោះ​មាន១១១ក្បាល​ ​ហើយ​នៅសល់ ១១ក្បាល​ទៀត​ ​យើង​បានសម្រេច​សម្លាប់ចោល​តែម្តង​ ​ដើម្បីកុំឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​»​។​ ​បើ​តាម​លោក​ ​ញិប​ ​ស៊្រន​ ​បច្ចុប្បន្ន​ ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​បន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទ្រុងជ្រូក​ទាំងនោះ​ ​និង​បាន​ផ្អាក​ការ​ចិញ្ចឹម​ជ្រូក​ឡើងវិញ​របស់​កសិករ​មួយរយៈពេល​សិន​ ​ដើម្បីឲ្យ​ប្រាកដ​ថា​តំបន់​នោះ​គ្មាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទៀត​ទេ​។​ ​លោក​ថា​៖​ ​«​យើង​ក៏បាន​និង​កំពុង​ឃ្លាំមើល​កុំ​ឲ្យ​មាន​ចលនា​សត្វ​ចូលក្នុង​តំបន់​ហ្នឹង​ ​ហើយក៏​មិនទាន់​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​ឡើងវិញ​ដែរ​ ​ចាំ​មើល​ដល់​វា​ស្ងាត់​សិន​ ​ព្រោះ​មេរោគ​វា​អាច​សំងំ​ក្នុង​ដី​ឬ​សម្ភារៈ​ចិញ្ចឹម​ក្នុងរង្វង់ ៩០ថ្ងៃ​ឯណោះ​ ​អីចឹង​យើង​រង​ចាំ​ឲ្យ​ផុត Cycle​ ​នៃ​ជំងឺ​នោះ​សិន​ ​រហូតដល់​មានការ​ប្រកាស​ឲ្យ​ចិញ្ចឹម​ឡើងវិញ​ពី​ក្រសួង​ ​បាន​យើង​បើកឲ្យ​គាត់​ចិញ្ចឹម​ឡើងវិញ​»​។​ ​ចំណែក​ ​ប្រធាន​ការិយាល័យ​ផលិតកម្ម​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​ ​លោក​ ​អ៊ុន​ ​ដារិ​ន​ ​បាន​ឲ្យដឹង​ថា​ ​ករណី​ជំងឺ​ប៉េស្ត​ជ្រូក​នៅ​ស្រុក​ស្អាង​ ​និង​ស្រុក​ខ្សាច់​កណ្តាល​ ​ត្រូវ​បាន​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេង​ទេ​ ​ប៉ុន្តែ​បច្ចុប្បន្ន​នៅតែ​មាន​សត្វ​ជ្រូក​ប្រមាណ​ ​២០ ទៅ ៥០ក្បាល​ ​នៅតែ​បន្ត​ងាប់​ជា​រៀងរាល់ថ្ងៃ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​។​ ​លោក​ថា​៖​ ​«​ជ្រូក​បាន​ងាប់​និង​សម្លាប់ចោល​ ​មាន​ប្រមាណ​ជា​ ​៩០០ក្បាល​ ​ស្មើនឹង៦០​%​នៃ​សត្វ​ជ្រូក​ដែល​មាននៅ​តំបន់​ផ្ទុះ​ជាង ១៧០០ក្បាល​នោះ​ ​វា​ចេះតែ​ងាប់​បន្តបន្ទាប់​ ​ដោយសារ​គ្មាន​ថ្នាំ​ព្យាបាល​ ​និង​វាក់​សាំង​ចាក់​ការពារ​ទេ​»​។​ ​លោក​ ថា​ ​ដារិ​ន​ ​បាន​បន្ត​ថា​ ​មន្ត្រី​ជំនាញ​បាន​និង​កំពុងធ្វើការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​តាម​លក្ខណៈ​បច្ចេកទេស​ ​ដូចជា​ ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ​ធ្វើការ​ផ្សព្វផ្សាយ​ពីអ​នា​ម័យ​និង​វិធានការ​ការពារ​ដល់​ប្រជាកសិករ​ដែល​ចិញ្ចឹម​ជ្រូក​ ​និង​បិទ​ចរាចរណ៍​សត្វ​ចេញចូល​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ជាដើម​។​ ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​ ​លោក ​តាន់​ ​ផាន់​ណា​រ៉ា​ ​និង​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​ ​លោក​ហេង​ ​ពិសិដ្ឋ​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​បានទេ​កាលពី​ថ្ងៃម្សិលមិញ​។​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ ​FAO​ ​កាលពី​ខែមេសា​ ​បាន​បញ្ជាក់​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​មិនមែន​ជា​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ទេ​ ​ប៉ុន្តែ​ជំងឺ​នេះ​ ​ជា​ហានិភ័យ​ដល់​ជ្រូកស្រុក​ ​និង​ជ្រូកព្រៃ​ ​ដោយសារ​មេរោគ​អាច​រស់​បាន​រយៈពេល​យូរ​ក្នុង​សាច់​ជ្រូក​កែច្នៃ​ ​សាច់​ជ្រូក​សម្ងួត​ ​និង​សាច់​ជ្រូក​ប្រឡាក់​ ​ដែល​សាច់​ទាំងនោះ​ត្រូវ​បាន​នាំទៅ​កាន់​កសិដ្ឋាន​តាមរយៈ​ការ​ផ្តល់​កាកសំណល់​ផ្ទះបាយ​ជា​ចំណី​ជ្រូក​។​ ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​បាន​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​មិន​មាន​វិធី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជាសះស្បើយ​ ​និង​មិនទាន់​មាន​ថ្នាំបង្ការ​ ​ឬ​ការ​ព្យាបាល​ណាមួយ​ដែល​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​ ​ដូច្នេះ​នៅពេល​ដែល​សត្វ​ជ្រូក​ឆ្លង​ជំងឺ​នេះ​ ​វិធានការ​តែមួយគត់​គឺ​កម្ទេច​ហ្វូង​ជ្រូក​ដែល​ទទួលរង​ផល​ប៉ះពាល់​៕​

No comments:

Post a Comment