Sunday, 21 July 2019

ទៀតហើយ​!​ រថយន្ត​សាំ​យ៉ុង ក្រឡាប់​នៅ​ភ្នំ​គូលែន របួស​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៣​នាក់​

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​SSANG YONG ISTANA​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ក្រឡាប់​ផ្ងារ​ជើង ខណៈ​បើក​ចុះ​ពី​ភ្នំ​គូលែន​តាម​ច្រក​ខាងកើត បណ្តាល​ឲ្យ​រងរបួស​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​១៣​នាក់។ ហេតុ​ការណ៍​នេះ ​កើតឡើង​វេលា​ម៉ោង​១៣​និង​០០​នាទី​នៅ​ថ្ងៃ​ទី​២១ ខែ កក្កដា​ឆ្នាំ​២០១៩ ត្រង់ចំណុច ផ្លូវ​ចុះ​ពីលើ​ភ្នំ​គូលែន​ថ្មី​ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​បង្កឡើង​ដោយ​ខ្លួនឯង ​គឺ​រថយន្ត​ម៉ាក​SSANG YONG ISTANA ពាក់​ស្លាក​លេខ សៀមរាប 2A:9016 ពណ៌ ស​ ​បើក​ចុះ​ពី​ភ្នំ​គូលែន​តាម​ច្រក​ខាងកើត ​ក៏​ក្រឡាប់​តែម្ដង។ លោក​បន្ត​ថា អ្នកបើកបរ​រថយន្ត​ និង​មគ្គទេសក៍ នាំគ្នា​រត់​គេ​ខ្លួន​បាត់​អស់។ លោក​បន្ថែមថា អ្នក​រួម​ដំណើរ​ ដែល​រង​របួស​សរុប ១៣ នាក់ ស្រី ០៨​នាក់ ក្នុង​នោះ​រង​របួស​ធ្ងន់​០៥ នាក់ ស្រី​០២នាក់។ លោក​បញ្ជាក់​ថា អ្នក​រង​របួស​សុទ្ធតែ ជា​ជន​ជាតិ​ចិន​ទាំងអស់។ បច្ចុប្បន្ន អ្នក​រង​របួស​ទាំងអស់ ​បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​លើ។ លោក​បន្ថែម​ថា ករណី​គ្រោះថ្នាក់​នេះ មូលហេតុ​មកពី​អ្នកបើកបរ​លឿន​នៅ​ផ្លូវ​ចុះ​ចំណោទ។ ចំណែក​រថយន្ត​បង្ក​ ត្រូវ​បាន​កម្លាំង​នគរបាល អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្វាយ​លើ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

No comments:

Post a Comment