តំណាងពលរដ្ឋមួយរូបមកពីខេត្តព្រះសីហនុ លោក យូ វាសនា បានលើកឡើងថា ពលរដ្ឋចំនួន ១១សហគមន៍ មានបញ្ហាដីធ្លីជាមួយឧកញ៉ា និងឈ្មួញអ្នកមានអំណាចអស់រយៈពេលជាង ១០ឆ្នាំមកហើយ ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយនៅឡើយ ទើបពួកគាត់នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងរៀបចំដែនដី ជួយអន្តរាគមន៍ពន្លឿនការដោះស្រាយឲ្យបានឆាប់។ លោកថា៖ «ពួកខ្ញុំរងចាំដំណោះស្រាយនៅខេត្តនោះយូរហើយ តែមិនមានដំណឹង ទើបពួកខ្ញុំទ្រាំមិនបានក៏មកដាក់ញត្តិជាថ្មីឲ្យស្ថាប័នទាំងពីរនេះជួយដោះស្រាយឲ្យបានឆាប់ ព្រោះពលរដ្ឋយើងខ្ញុំចង់មានជីវិត មានផ្ទះសម្បែងរស់នៅសមរម្យដូចពលរដ្ឋដទៃទៀតដែរ»។
អ្នកស្រីថា៖ «ពួកខ្ញុំសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងក្រសួងរៀបចំដែនដី ជួយជំរុញទៅអាជ្ញាធរខេត្ត ឲ្យពន្លឿនការដោះស្រាយឲ្យបានឆាប់ ព្រោះពលរដ្ឋកំពុងព្រួយបារម្ភពីការបាត់បង់ដី ដោយសារខាងក្រុមហ៊ុនគេមកចាក់ដី ដកបង្កោល អីចឹងទៅពលរដ្ឋយើងខ្ញុំខ្លាចបាត់ព្រំដី»។
ទោះជាយ៉ាងណា ពលរដ្ឋដែលបានឡើងមកដាក់ញត្តិនោះ មានតែពលរដ្ឋមកពីចំនួន ៤ប៉ុណ្ណោះ ខណៈដែលពលរដ្ឋប្រមាណ ២០០នាក់ មកពីខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធររារាំង នៅខណ្ឌជ្រោយចង្វារ។
តំណាងពលរដ្ឋមកពីខេត្តខេត្តត្បូងឃ្មុំ លោក សែម សាន អាយុ ៣៧ឆ្នាំ បានឲ្យដឹងថា ពលរដ្ឋចំនួន ៧ឡាន ត្រូវបានអាជ្ញាធររាជធានីភ្នំពេញជាច្រើននាក់ ដាក់កម្លាំងទប់ស្កាត់ ដែលធ្វើឲ្យពួកគាត់ត្រូវខកខានមិនបានមកតាមដានរឿងញត្តិដែលពួកគាត់ធ្លាប់ដាក់នៅខុទ្ទកាល័យសុំឲ្យដោះស្រាយបញ្ហាដីធ្លីនោះទេ។ លោកបន្តថា ពលរដ្ឋនៅស្រុកតំបែរ និងស្រុកមេមត់ជាច្រើនគ្រួសារ មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនឯកជនតាំងពីឆ្នាំ ២០១១-២០១២មក ហើយពួកគាត់បានដាក់ញត្តិជាច្រើនលើកច្រើនសារនៅក្រសួងពាក់ព័ន្ធ និងរដ្ឋសភា ព្រមទាំងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប៉ុន្តែនៅពុំទាន់ទទួលបានដំណោះស្រាយនៅឡើយ។
លោកថា៖ «ដីដែលមានទំនាស់នោះខ្លះជាដីរួមរបស់សហគមន៍ ដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល តាំងពីឆ្នាំ២០០៤ ប៉ុន្តែបែរជាមានក្រុមហ៊ុនចិនមកឈូសឆាយអភិវឌ្ឍន៍តំបន់នោះទៅវិញ ដែលធ្វើឲ្យពលរដ្ឋមិនមានដីសម្រាប់ធ្វើស្រែចម្ការ ហើយខែមុន ស្រាប់តែមានដីកាពីសាលាដំបូងខេត្តកោះហៅពលរដ្ឋចំនួន១១នាក់ទៅបំភ្លឺទៀត ដូច្នេះហើយទើបពួកខ្ញុំឡើងមកសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយជំរុញឲ្យមានការដោះស្រាយ និងសុំកុំឲ្យមានការប្តឹងប្តល់ប្រជាពលរដ្ឋនៅតុលាការ»។
លោកថា៖ «យើងបានទទួលញត្តិរបស់ពួកគាត់អស់ហើយ និងបានបញ្ជូនឯកសារទាំងនោះទៅកាន់ក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញក្នុងការពិនិត្យនិងដោះស្រាយរួចហើយដែរ»។
បន្ទាប់ពីមន្ត្រីខុទ្ទកាល័យបានទទួលញត្តិ ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានបន្តដំណើរទៅដាក់ញត្តិនៅក្រសួងរៀបចំដែនដីដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ រារាំង និងបានទាក់ទងទៅតំណាងក្រសួងឲ្យមកទទួលញត្តិពលរដ្ឋនៅក្បែរវត្តបទុមវត្តីនោះ។ ក្នុងការតវ៉ានោះក៏មានពលរដ្ឋម្នាក់ខ្យល់គសន្លប់ផងដែរ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេល។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត មិនអាចសុំការអត្ថាធិប្បាយបានទេ។
ប៉ុន្តែបើតាមក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ថា ខាងក្រសួងបានចាត់ឲ្យមន្ត្រីរបស់ខ្លួន ឲ្យមកទទួលយកញត្តិរបស់ពួកគាត់ហើយ តែមិនទាន់អាចឆ្លើយតបភា្លមៗបាននៅឡើយ៕
No comments:
Post a Comment